ច្បាប់កេរកាលថ្មី

នេះបទព្រហ្មប្រាជ្ញប្រាយ ខ្ញុំអធិប្បាយលើកល្បត់ល្បង ប្រដៅកូនចៅផង ចងជាច្បាប់ខុសនិងត្រូវ។
កត្ដិកខ្នើតគ្នេរគ្នាន់ ក្នុងវស្សន្ដរដូវ ទឹកស្រែជនលេចស្រូវ នៅសំណល់សំណាបខ្ចី។
កិរកាលពីព្រេងព្រឹទ្ធ ដើមគំនិតពីសេដ្ឋី ខ្ញុំលើកកិរកាលថ្មី តែងសេចក្ដីជាបរមត្ថ។
ក្នុងថ្ងៃពេញបរមី ម៉ោង៨ព្រលប់ស្ងាត់ ឆ្នាំចរចត្វាក្សត្រ ផាត់សករាជកន្លងឆ្ងាយ។
សាសនាព្រះសមណៈ បានពីរពាន់បួនរយបា្លយ ហុកសិបឆ្នាំកំចាយ ចាត់អធិប្បាយពីខុសត្រូវ។
កិរកាលដំណាលទុក ជាទំនុកដំណែលនៅ តំណតរៀងទៅ តំរូវចិត្ដជនប្រុសស្រី។
កូនអើយពាក្យអាពុក ជាទំនុកទំនើបថ្មី អនិស្រាយរាយបាលី អាពុកស្ដីឲ្យកូនស្ដាប់។
គួរស្ដាយកេរ្ដិ៍ម៉ែឳ កិរិយាត្រូវឲ្យខំត្រាប់ កិរិយាណាខុសច្បាប់ គួរក្រឡប់ក្រឡាស់ចោល។
ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ ពាក្យឲ្យគួរកុំឲ្យស៊ុន យកពាក្យផ្អែមជាមុន ទន់លំទោនអោនប្រតិបត្ដិ។
ទោះឪម៉ែស្លូតកាច គួរតែខ្លាចដូចមហាក្សត្រ ម្ដាយជេរពីរបីមាត់ គួរតែស្ងាត់ស្ងៀមឲ្យឈឹង
ប្រដៅត្រូវតែស្ដាប់ យកតំរាប់កុំទទឹង ម្នោះម្នះចចេសរឹង នឹងហើយហៅកូនសេសកម្ម។
ធម៌អាថិចេះតែភ្លេច ជេរប្រទេចចេះតែចាំ អាពុកពត់ទៅស្ដាំ អកុសលកម្មទាញទៅឆ្វេង។
អវជាតិបុត្រ ខូចបំផុតតាំងពីក្មេង ប្រព្រឹត្ដព្រើលផ្សេងៗ បើលេងអ្វីស្ដីមិនស្ដាប់។
មិនស្ដាយជាតិកំណើត ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ ត្រឹមត្រូវមិនសូវស្ដាប់ ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។
ម៉ែឳមានគុណណាស់ មិនសំពះខ្លាចអៀនដៃ បើអ្នកក្រៅដទៃ វិស័យសោះសំពះបាន។
ឆ្លើយបាទចះចា៎ខ្ញុំ រាបរម្យទមនឹងសន្ដាន ម៉ែឳឯងក្នុងឋាន ហ៊ានឆ្លើយអីអញអឺអើ។
អនុជាតិបុត្រ ស្លូតបំផុតស្រណុកប្រើ ប្រកបការប្រសើរ ដើរតែតាមលំអានឳ។
ប្រដៅទទួលយក ចេះលៃលកស្ដាប់ខុសត្រូវ ស្រណុកញាក់ធ្លាក់ផ្លូវ មិនសូវភ្លេចដំបូន្មាន។
អតិជាតិបុត្រ ល្អបរិសុទ្ធស្ដាប់សីលទាន នាំឳទៅនិព្វាន ឈានទៅរកកន្លែងសុខ។
ចេះលើសគេដរាប ជឿបុណ្យបាបប្រេតនរក មិនល្មោភនឹងមូត្រលាមក ភ័យនឹងភក់ភពសង្សារ។
នេះគឺដើមបាលី បុត្រទាំងបីបែបកិរិយា ស្រលាញ់ណាស្អប់ណា តាមសញ្ញាចូលចិត្ដចុះ។
អវធ្លាក់ផ្លូវក្រោម ប្រព្រឹត្ដព្រមតែខាងខុស អតិជាតិមារយាទខ្ពស់ អនុនោះយ៉ាងកណ្ដាល។
មតិ១០០មានមួយ គួរតែស្ទូយដាក់លើក្បាល អវគឺស្រើបស្រាល ត្រអាលយកតែពីរយ៉ាង។
អតិជាតិកំណើត គំនិតកើតពីកសាង កុសលតំកល់ខាង សំណាងកើតពីគំនិត ។
អនុអានាងអើយ ខ្លួនធំហើយឲ្យចេះគិត ចេះកាញ់ស្គាល់ឆ្ងាយជិត ប្រព្រឹត្ដយកតែខាងត្រូវ។
រៀនរិះរកទ្រព្យធន យកប្រពន្ធមើលធុនឳ ធុនថើកជ្រកខុសត្រូវ អ្នកកុំទៅខ្លាចបន្លា។
ផ្លូវវៀចកុំបោះបង់ ផ្លូវព្រៃត្រង់កុំយាត្រា ឈានឈរពិចារណា    ឆ្ការឲ្យស្អាតសឹមដើរទៅ។
កុំដើរភ្លើភ្លេចខ្លួន ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ ជ្រកម្លប់សំណាក់នៅ កុំបោះពៅផ្ទប់គល់ឈើ។
ឆេះខ្លោចសំបកក្រោម ស្រពោនញមស្លោកស្លឹកលើ មានភ្នែកឲ្យចេះមើល៍ កុំល្ងីល្ងើល្ងង់ល្ងិតពេក។
រៀនដើរឲ្យមើលផ្លូវ ធ្វើស្រែស្រូវឲ្យមើលមេឃ ម្លប់ធ្លកធ្លាប់ជ្រកដេក ជាដំណេកអ្នកដំណើរ ។
ដំណែលដែលគេដាក់ ជាដំណាក់ទំនូលផ្ញើ ចំណាំចាំគ្រាន់បើ ដើរក្រោយៗគ្រាន់ជ្រកទៀត។
ឈើណាទោសសត្រូវ ដុះជិតផ្លូវនាំចង្អៀត ជំពប់យប់អាធ្រាត្រ ឆ្លៀតកាប់ចេញកុំទុកវា។
បន្លាគល់សង្គត់ គន្លងផុតតែភ្នែកជា ដើរយប់ជំពប់ពារ ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។
គ្នាមុតកុំចាំផ្ទាន់ ឃើញគួរជាន់កុំបណ្ដោយ បណ្ដើរមើលខ្លាំងខ្សោយ ឲ្យពិនិត្យពិចារណា។
ពាក្យពិតត្រង់ប្រាកដ ត្រូវច្រើនបទច្រើនប្រការ ប្រកបជាប្រស្នា ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។
ផ្លូវពិតទាំងជិតឆ្ងាយ សព្វសុសសាយមិនសេសសល់ អ្នកណាប្រាជ្ញាដល់ ដឹងយោបល់ច្រើនកន្លែង។
កូនអើយការកេរ្ដិ៍ឈ្មោះ កុំចង់រស់តែម្នាក់ឯង គិតអ្វីគិតឲ្យវែង ក្រែងក្រក្រោយស៊យគំនិត។
កំណើតរាល់រូបកាយ ចេញជួញឆ្ងាយស្ដាយជួញជិត ចិញ្ចឹមជន្មជីវិត គិតឲ្យស្រេចទើបបានស្រួល។
ធ្វើស្រែចង់បានស្រូវ ដើមរដូវធ្វើស្រែទួល ស្រែទាបមើលទំនួល លើកទំនប់ឲ្យមាំមួន។
កូនអើយកេរ្ដិ៍មេបា ចាំរក្សាមើលថែថួន ធុញថប់ថយថោកខ្លួន ជួនជាខ្សត់គេថាខ្សោយ។
ស្រូវខ្សោយអង្ករថ្លៃ លក់សំចៃទុកឆ្នាំក្រោយ អ្នកក្ររកញយៗ ឲ្យអ្នកសុំជាងអ្នកខ្ចី។
សប្បុរសពេកថយធន មូទូជនថយរាសី ប្រពន្ធល្អច្រើនអាប់ប្ដី ពាក្យអប្រិយចាញ់អាត្មា។
ឈើផ្លែចាញ់សន្លឹក ត្រីវរវឹកទឹកមិនថ្លា កំណាញ់ក្រៅតំរា សោតសឹងអាប់ប្រយោជន៍យស។
នឹងឲ្យៗមើលភាព ឲ្យអ្នកទាបជាងអ្នកខ្ពស់ អ្នកទិញឈប់សិនចុះ ក្នុងតែរស់មិនស្លាប់ងាយ។
កំណាញ់ហួសកំណត់ ពាក្យអ្នកខ្សត់ខ្សបនិយាយ ទេវតាផ្ដន្ទាទាយ រលាយអស់រលស់ឯង ។
សទ្ធាមើលធនធាន ជាតិអ្នកមានមិនអង្វែង កំណាញ់ដោយកន្លែង ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។
អ្នកក្រខ្ចីនេះកុំ អ្នកមានសុំនេះគួរឲ្យ អ្នកប្រាជ្ញអង្គាសញយ អស់ក៏ដោយឲ្យទៅចុះ។
អ្នកក្របានជាហាម ពិបាកតាមទៅឯណោះ ទាល់ទឹកចូលច្រមុះ ច្រើនកើតឈ្លោះពីព្រោះយល់។
អ្នកមានគេមានខ្មាស សងរហ័សមិនអំពល់ ជួនយើងមានរវល់ គេស្គាល់មុខស្រណុកខ្ចី។
អ្នកក្រៗទាំងចិត្ដ ស្រូវឆ្មារល្អិតឲ្យមើលល្អី វាល់ល្អកន្ដាំងបី ទាន់ស្រូវថ្មីទារឆាប់បាន។
ជួនក្រែងឯងក្រវិញ ទោះដូរទិញមើលប្រមាណ ជឿបុលខ្ចីសន្ដាន កុំហ៊ានពារកញ្ជើធំ។
ខ្លួនក្រកំចង់ធាត់ កុំងាកមាត់អាងតែសុំ ជឿខ្ចីល្អីក្រមុំ ស្រូវឯងទុំស្រណុកសង។
បើជឿខ្ចីគេឲ្យ កុំទៅញយគេឲ្យខ្នង ឯណេះឯណោះផង កុំច្រើដងគេមើលងាយ។
ក្រលុយកុំងុយដេក ចូលដំណេកកុំនិយាយ សំពត់ញាត់សំពាយ រាយរើសរៀបញាត់សំពៀត។
រៀបដេកសំពះគុណ កុំដេកស៊ុនឲ្យប្រុងស្នៀត ភ្លើងឆេះយប់អាធ្រាត្រ កណ្ដៀតទូលប្រមូលរត់។
ខ្លួនរាស្រ្ដក្រមាសប្រាក់ ភើចកន្រ្ដាក់អាវសំពត់ ទំរាំភ្លើងរលត់ ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។
កូនអើយគិតឲ្យគ្រប់ រៀងរាល់យប់កុំទំនេរ ជាងដេកលក់ទទេ យល់សប្ដជេរបីសាចក្រៅ។
ទំលាប់មាត់មមើ ស្រែកថាយើៗ អៅៗ ចោរខ្មាំងខ្មោចចិត្ដខ្មៅ ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។
ដេកផ្អៀងជាងអង្គុយ ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ ពីល្ងាចដេកពុំលក់ មាន់រងាវជក់ស៊ីម្លូស្លា។
ជាងល្ងឹតអិតអំពើ អិតអ្វីធ្វើសូត្រធម៌អាថិ បើច្បាស់វិបស្សនា ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ
គងខ្នើយដេកកើយស្មុគ្រ គ្របឲ្យសុខសូត្រអំបោះ កុំដាក់ដោយកៀនកោះ អស់នឹងសត្វកណ្ដៀរកោរ។
កណ្ដុរកន្លាតកាត់ ដល់កំណាត់ខានដេរខោ ជួនកាលមានអាចោរ លលបលួចលីទៅបាត់។
កុំដាក់ឆ្ងាយប្រយោល ទុកជាចោលមិនប្រយ័ត្ន ប្រយោជន៍យប់យាមស្ងាត់ បង្កាត់ភ្លើងបង្គោលគោ។
បង្ការក្រែងមូសខាំ ត្រូវចំណាំខ្យល់ជំនោរ បាយកកផ្អកម្ហូបជោរ ឲ្យអាលោស៊ីចាំសេះ។
កំណើតឆ្កែញីឈ្មោល ដេកចំណូលតែនិងផេះ រៀនប្រើមើលចំណេះ រិះចំណាំតាមកិរិយា។
ទោះប្រើកូនតូចធំ រឺប្រើខ្ញុំឲ្យធ្វើការ ធ្វើកលយល់ប្រាជ្ញា អាណាហ៊ានប្រើទៅឆ្ងាយ។
អាខ្លាចប្រើតែជិត អិតគំនិតប្រើរៀងអាយ ខុសម្ដងកុំជេរម្ដាយ ពេលដល់បាយកុំនាំឈ្លោះ។
មនុស្សឃ្លានវាហ៊ានឆ្លើយ ស៊ីរួចហើយបន្ទោសចុះ បានឆ្អែតប៉ោងពេញពោះ ស្ដីខុសត្រូវមិនសូវខឹង។
កូនអើយពាក្យអាពុក ចំណាំទុកពីត្រឹមណឹង ធ្វើប្រុសឲ្យខំប្រឹង រៀនឲ្យដឹងស្គាល់ពុតស្រី។
មារយាទនិងមាយា ម្យ៉ាងចិត្ដជាចេះថ្នមប្ដី ប្ដូរស្លាប់រស់វាហី យកពីរបីនេះមិនបាន។
កុំលោភច្រើនៗព្រួយ យកតែមួយសុខក្សេមក្សាន្ដ ចិត្ដស្រីទាំងប៉ុន្មាន ហ៊ានប្រមូលម៉ៅមិនខុស។
មិនខូចគ្រប់តែស្រី ល្អពីបីចាំទុកចុះ ជាតិស្រីលោភលើប្រុស នោះមិនខុសស្រីណាមួយ។
ខ្លាំងខ្សោយកុំឲ្យខ្សត់ ទោះនឿតហត់កុំលំអួយ ធ្វើប្រុសតែងតែព្រួយ ស្រីមិនជួយកុំត្អូញត្អែរ។
ខ្លួនខ្លាំងកុំគិតខ្លាច ស្រីៗកាចស្លូតដោយខែ រដូវធ្វើស្រូវស្រែ ចែប៉ប្រែស្ដីលើប្រុស។
ខែស្ទូងនិងខែច្រូត កាចរហូតដល់ខែបុស្ស ខែបែនបោករលស់ រលីងអស់អំពីដី ។
ជញ្ជូនដាក់ជង្រុក ពូជពេញទុកស្បោងពីរបី ដំណើបបួនដប់ល្អី ស្រីៗស្លូតហើយខែហ្នឹង។
ស្លូតផុតនៅខែមាឃ ស្ដីធ្ងន់ពាក្យមិនសូវខឹង បើប្រុសៗមិនដឹង ប្រឹងតែព្រួតស្អប់ស្រីៗ។
ម្យ៉ាងទៀតមារយាទខូច មាយាបេះក្រូចមាយាដកខ្ញី មានប្រុសសហាយថ្មី រឹតថ្នមប្ដីមិនឲ្យអាក់។
អីអើតែមាត់ក្រៅ ចិត្ដមួម៉ៅគ្មានត្រជាក់ ត្រីសាច់ល្អលួចលាក់ ដាក់តែឆ្អឹងឲ្យឯងស៊ី។
បញ្ជោរចេះបញ្ចើ បញ្ឆោតប្រើឯងវក់វី វរវឹកព្រួតប្រុសពីរ ស៊ីទាល់ងាប់គាប់សងខាង។
មួយទៀតផិតកំលោះ ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង លោមប្ដីលាសំណាង ទាស់ក្អេងក្អាងទារសំបុត្រ។
បើប្ដីមិនព្រមលែង លបជំទែងជំទយរត់ មួយទៀតខូចបំផុត មាត់ឲ្យប្រុសសំលាប់ប្ដី។
ម្យ៉ាងទៀតមារយាទជា មានច្រើនគ្នាក្នុងលោកិយ ប្រាកដពេញជាស្រី ប្រុសពីរបីស្មាលាកម្ម។
ស្លាប់រស់មួយនឹងមួយ មិនចង់ព្រួយយកប្រុសប្រាំ ប្ដីស្លាប់បួនដប់ឆ្នាំ ចាំសីលទានមិនមែនទៀត។
ធ្វើបុណ្យផ្សងសច្ចា សុំប្រាថ្នាជួបរាល់ជាតិ អុចធូបដេកអោបធាតុ កណ្ដៀតថោកោរកាន់ទុក្ខ។
និយាយពីពុតប្រុស ចូរចាំចុះជាទំនុក ដំណតទៅមុខ អាពុកប្រាប់ឲ្យស្រីចាំ។
ប្រពន្ធមួយមិនស្កប់ ប្រពន្ធដប់គ្រាន់តែស្កាំ កាចស្លូតរហូតឆ្នាំ រាំដរាបរាល់រូបា។
កាចម្យ៉ាងខាងល្ងាចព្រឹក រឿងបាយទឹកថ្នាំម្លូស្លា កាចម្យ៉ាងខាងធ្វើការ ម្យ៉ាងទៀតណារឿងប្រចណ្ឌ។
ប្រជុំជាតិចិត្ដប្រុស ត្រូវនិងខុសជាកំណាន់ គំនិតល្អសំខាន់ ប្រកាន់មើលអិរិយាបថ។
ប្រចណ្ឌរាវរាលឈ្មោះ ច្រើនកើតឈ្លោះទៅជាខ្សត់ មួយឃើញជាក់ប្រាកដ ប្រកៀកចាប់ធ្វើទោសបាន។
លកលៃតែខាងប្រុស ប្រពន្ធខុសបង្អង់ខាន ខូចម្ដងខាតប៉ុន្មាន រាប់អានអោបក្រសោបទៀត។
មួយលកលៃទាំងពីរ នៅរកស៊ីដោយសារញាតិ ស្រីមាយាអិតមារយាទ ស្មាលាជាតិមិនឲ្យជួន។
ប្រចណ្ឌទាំងបីបទ គួរគួចកត់ទុកក្នុងខ្លួន លក់ពីរពេញចំនួន គួនគុំទុកយកជាច្បាប់។
ប្រចណ្ឌហើយយកទៀត ហៅជួជាតិមារយាទអាប់ កូនណាយកតំរាប់ ស្លាប់នឹងស្រីៗមើលងាយ។
ទោសតិចកុំទាញផ្សំ ឃើញមិនចំកុំនិយាយ កុំចាប់ស្ទើររវើរវាយ នាំឲ្យវល់អំពល់ចិត្ដ។
ពុតប្រុសនិងពុតស្រី ចប់សេចក្ដីពីក្បត់ផិត រៀងរើសណាសុខចិត្ដ គិតសំគាល់រាល់រូបកាយ។
បើមានកូនក្រមុំ គួរតែកុំបណ្ដោយឆ្ងាយ ឲ្យមើលនាយមើលអាយ ស្រេចនៅម្ដាយរក្សាកូន។
ប្រយ័ត្នកុំឲ្យឃ្លាត ភ្លាត់មារយាទមិនសុទ្ធសូន្យ  កុំទុកចិត្ដបងប្អូន ជីដូនមួយជួយរក្សា។
ក្រមុំមានម្រាក់មិត្រ មេមួយគិតនាំកិច្ចការ កុំជឿចិត្ដនរណា មើលកិរិយានៃកូនឯង។
ទោះស្ទូងដកយប់ថ្ងៃ  ដើរយកដៃដាច់សង្វែង ប្រុសខូចលួចបន្លែង តែទាស់ភ្នែកបែកមេបា។
ច្រើនណាស់តែសែនខ្មោច កេរ្ដិ៍អាសោចផុតអាសា នាំកូនឡើងសាលា គេថាឲ្យជំងឺចិត្ដ។
បើមានកូនប្រសា មិនទាន់ការគួរឲ្យប្រិត កុំឲ្យបំរើឆ្អិត អាណិតវាៗសងគុណ។
យប់ថ្ងៃចូលប្រតិបត្ដិ គាតក្រវាត់រត់រែកពុន អាចនឹងច្រើនជឿមុន ស៊ុនអំពីឪពុកម្ដាយ។
រក្សាកូនប្រពន្ធ រកទ្រព្យធនចង់ធូរចាយ ជួញជិតកុំជួញឆ្ងាយ ជួញរៀងអាយរក្សាគុណ។
អំពើបាបកុំរៀន កុំអៀនប្រៀនក្នុងការបុណ្យ លាងទោសចេញជាមុន ទើបធ្វើបុណ្យចំរើនផល។
បើនឹងចង់គង់ទ្រព្យ កុំទំលាប់សាងអកុសល របិញរបុញវៀចកាចកល់ ទេវតាផ្ដល់ផ្ដាច់ធនធាន ។
កុំឈ្នានិសអ្នកខ្សត់ កុំបំភ្លាត់ទ្រព្យអ្នកមាន បើខ្លួនខ្សត់អត់ឃ្លាន រៀនតែរកតាមទៀងត្រង់។
ជួញខាងកុំឈប់ខាន បើចង់បានកុំខ្លាចបង់ ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ ប្រុងថែទាំឲ្យមាំមួន។
កុំភ្លើធ្វើជាភ្លេច ភ្លាត់បន្ដិចខ្លាចក្រែងជួន ក្រែងចោរចូលមកពួន លូនលបលួចយកទ្រព្យទៅ។
ប្រហែសតែងតែបាត់ ប្រុងប្រយ័ត្នតែងតែនៅ គិតសព្វគ្រប់ដោយផ្លូវ សូវទ្រាំនឿយកុំទ្រាំក្រ។
នៅផ្ទះស្រះរបង របាចងឲ្យជាប់ល្អ ប្រើប្រាស់ខ្ញុំកំដរ ឲ្យបរិភោគដោយខ្លួនឯង។
នឹងប្រើទៅហៅមក កុំគំហកយកកំហែង កុំហាឡើងហង់ឯង ក្រែងកំហល់ទល់កំហឹង។
កុំហួសពាក្យសំដី ការអ្វីៗឲ្យចេះថ្លឹង កុំប្រើព្រួតលើប្រឹង ក្រែងកើតខឹងវានាំខាត។
មនុស្សខឹងច្រើនៗខុស   មនុស្សច្រើនឈ្លោះច្រើនប្រមាថ ការល្អច្រើនត្រូវខ្នាត យើងចង់ស្អាតកុំខ្លាចយូរ ។
ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនមានគ្រូមានគេរាប់ ។
បំរើឪពុកម្ដាយ អ្នកនៅឆ្ងាយគេច្រើនគាប់ អ្នកណាបំរើខ្ជាប់ ធ្លាប់តែខុសមិនដែលត្រូវ ។
ជាតិមនុស្សទោះខ្ពស់ទាប មិនចោលភាពជាម៉ែឳ ពាក្យមនុស្សវែងជាងផ្លូវ ស្រូវច្រើនខួបខូចអង្ករ ។
របស់ទ្រព្យថោកថ្លៃ ទុកសំចៃលៃឲ្យល្អ អុងអាងពាងក្រឡ ត្រដរទិញកុំឲ្យខ្វះ ។
កើតមកជាខ្លួនរាស្រ្ដ ក្រប្រាក់មាសឲ្យមានខ្មាស សារពើគ្រឿងប្រើប្រាស់ ឲ្យមានចាស់ឲ្យមានថ្មី។
ពូថៅដឹងកាំបិត ពន្លាកខ្វិតចបវែងខ្លី ខ្សែសេះគោក្របី រិស្សីផ្ដៅកាច់សង្រែក។
ការងាយកុំឲ្យក្រ អាក្រក់ល្អមានដោយឡែក ថ្ងៃនេះរបេះបែក ស្អែកខំរើធ្វើជាឆាប់។
ឈ្មោះការប្រើលើដី កុំចាំស្រីតឿនប្រើប្រាប់ ឲ្យមានគ្រប់ប្រដាប់ ដំរាប់រាល់ឲ្យសល់ប្រើ ។
កុំខ្ជិលល្ងង់ខ្លៅពេក ឲ្យចេះដេកឲ្យចេះដើរ ចេះសព្វគ្រប់ប្រសើរ កុំចង់ហើរហួសភាពខ្លួន ។
ចង់ក្ដីឲ្យរៀនច្បាប់ រស់និងស្លាប់ឲ្យចេះក្បួន ចេះអ្វីចេះឲ្យមួន កុំបន្លំផ្សំនឹងគេ ។
កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲ្យគ្រប់ ។
នឹងដើរស្វែងរកផល មិនទាន់ដល់កុំអាលឈប់ ឈានខ្លាំងពេកជំពប់ បើដេកយប់ឲ្យស្គាល់យាម។
កុំដេកយូរទ្រមឹក លក់ហួសព្រឹកខុសទំនៀម តែភ្លឺឡើងភ្ញាក់ភ្លាម ព្រហាមឡើងក្រោកធ្វើការ ។
ជាតិមនុស្សទោះប្រុសស្រី រាស្រ្ដមន្រ្ដីជាធម្មតា ពេលព្រឹកតែងអុស្សាហ៍ ថ្ងៃក្ដៅល្អាខ្ជិលល្អិតឆ្អឹង។
ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី។
កុំចង់ខ្ពស់ស្មើមេឃ កុំអោនពេកអាប់រាសី ទោះដើរនិយាយស្ដី លៃតែល្មមឲ្យគួរសម។
យល់ឆ្ងាយកុំណាយគិត ទោះយល់ជិតកុំអាលខំ មិនជាក់មើលឲ្យចំ ក្រែងច្រឡំសជាខ្មៅ ។
ទំលាប់ធំជាងច្បាប់ បើរៀនត្រាប់កុំត្រាប់ខ្លៅ ត្រាប់ប្រាជ្ញអាចប្រដៅ ស្ដីកូនចៅស្ដីឲ្យស្មោះ។
ស្មឹងស្មឹលសិល្ប៍របៀន ឲ្យគេរៀនកុំឲ្យអស់ ស្រលាញ់កុំញេះញ៉ោះ បើខឹងទាស់កុំឲ្យទាយ។
ឆ្កែព្រុះកុំព្រួយពេក ឃើញឆ្កែដេកកុំមើលងាយ កំណប់ដប់សំពាយ កុំនិយាយប្រាប់សម្លាញ់។
សំលឹងមើលឲ្យសព្វ បើនឹងស្អប់កុំអាលបាញ់ ក្ដីឈ្នះគេចុះចាញ់ កុំក្នាញ់តាមផ្ដន្ទាទៀត។
បើខឹងកុំរំលោភ បើនឹងល្មោភឲ្យល្មមមាឌ កុំមាត់ក្រែងភ្លាត់ស្នៀត វាតហួសវង់ផុតគំនិត។
កំណើតអាក្រក់ល្អ មាននិងក្រពីគំនិត ពីកាលបុព្វេពិត ងងឹតពេកមើលមិនយល់ ។
ដាំដូងឲ្យខំថែ ចង់ស៊ីផ្លែឲ្យដុតគល់ បើជួនសំណាងដល់ រវល់តែស៊ីឆ្ងាញ់ពិសា។
ប្រាជ្ញប្រិតប្រៀនប្រដៅ ចូរកូនចៅពិចារណា រំពឹងក្នុងប្រាជ្ញា ស្រាយបញ្ហានេះឲ្យដឹង។
ចេះច្បាប់កេរកាលថ្មី អស់សេចក្ដីតែប៉ុណ្ណឹង កូនប្រុសអ្នកខំប្រឹង សំលឹងចាំតទៅមុខ ។
ពីឆ្នាំចតទៅ ខំធ្វើស្រូវដាក់ជង្រុក អាសូរពាក្យអាពុក ទុកឲ្យកូនចៅគ្រប់គ្នា ។
អាពុកកាន់តែចាស់ ស្ដាយខ្លួនណាស់ចូលជរា ពាក្យពិតប្រាំរយឃ្លា ជាសូរេចម្ល៉េះឯងហោង។
អ្នកប្រាជ្ញភិរម្យល្បី លើច្បាប់ថ្មីអស់ល្បត់ល្បង ឈ្មោះអូ ហៅ ង៉ុយផង ចងជាច្បាប់សំរាប់ជន ។
ខ្ញុំសូមផ្សងសច្ចា កើតជាតិណាសូមមានបុណ្យ មូលកូនមូលប្រពន្ធ ធនសម្បត្ដិសំបូរចាយ ។
ស្មាលាក្រលំបាក សូមជៀសចាកចតុរាបាយ សូមល្អពង្សរូបកាយ កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។
ប្រាជ្ញាកុំទើសទាស់ ចេះអាថិធម៌ឲ្យមាំមុត សូមជាប់សីលបរិសុទ្ធ រលត់ទុក្ខសោករោគភ័យ ។
អានិសង្សបុណ្យខ្ញុំបាន សាងប៉ុន្មានក្នុងលោកិយ សម្បត្ដិសួគាល័យ កុំបីឃ្លាតរវាតវែងឆ្ងាយ ។
ពីជាតិនេះទៅមុខ មូលអាពុកជួបមូលម្ដាយ បងប្អូនកុំខ្ចាត់ខ្ចាយ អធិប្បាយចែងចប់អេវំ ។


អត្ថបទដកស្រង់ចេញពីមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស

0 វិចារ:

Logo

អ្នកគាំទ្រតាម Facebook

ចំណាត់ក្រុម

Flash Labels by Way2Blogging

ប្រទេសចូលទស្សនា

free counters
Copyright​ 2012 by Khmermix4you (SIM SoPHaY). Powered by Blogger.

អត្ថបទដែលល្បី